ខេត្តឧត្តរមានជ័យ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨

AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ –នៅមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ មានរៀបចំប្រារព្ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ«យើងរួមគ្នាបញ្ឈប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សិស្សានុសិស្ស និង បងប្អូនអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងប្រជាពលរដ្ឋសរុប ២៥០នាក់ ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅក្នុងខេត្តឧត្តរមានជ័យមានអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៥០៩នាក់ ក្នុងនោះមានកុមារចំនួន ២៤នាក់ ទទួលការព្យាបាលដោយថ្នាំពន្យាជីវិត ART

ឯកឧត្តម ប៉ែន កុសល្យ   បានមានប្រសាសន៍ថា ទោះបីកម្ពុជាបានជោគជ័យជាច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក៏ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវបន្តដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសការងារទប់ស្កាត់ការចម្លងថ្មីនៃមេរោគនេះ ។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ដោយមានការចូលរួមពីបណ្តាអង្គការនានាដែលធ្វើការងារពាក់ព័ន្ធមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះក៏មានសង្គមស៊ីវលទាំងនោះផងដែរ ។

ឯកឧត្តមបន្តថា បច្ចុប្បន្នមានមនុស្សប្រមាណ ៦៧.០០០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមើលថែអ្នកជំងឺអេដស៍ប្រមាណ១លាននាក់ហើយនៅក្នុងបេសកកម្មនេះ។ បើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថាមនុស្សជាង៣៦លាននាក់កំពុងរស់ជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅជុំវិញពិភពលោក ។ បច្ចុប្បន្ននេះមានអ្នកជំងឺរាប់លាននាក់កំពុងទទួលបានការសង្គ្រោះជីវិត ដោយឱសថប្រឆាំងមេរោគអេដស៍ ដោយប្រការនេះ គឺទាមទារឱ្យថ្នាក់ដឹកនាំពិភពលោក និងមនុស្សទូទាំងសកលលោកត្រូវតែបន្តធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្ត បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ​ទទួលទានចំណីអាហារឱ្យបាន​គ្រប់គ្រាន់ និង​ទៅ​ទទួល និង​លេប​ឱសថ​ប្រឆាំង​មេរោគ (ARV) ឱ្យបាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​បាន​សំណូមពរ​ដល់​សាធារណជន​ទាំងអស់​មិន​ត្រូវ​​រើសអើង​ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជាដាច់ខាត ហើយ​ត្រូវ​បង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់ ៕

ដោយ ទិត ស្រ៊