សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថានឹងធ្វើការខ្ចីឥណទានពីប្រទេសចិន សម្រាប់ការតភ្ជាប់បណ្ដាញចែកចាយអគ្គិសនីនៅកម្ពុជា

​AKP ស្ទឹងត្រែង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​​​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅកាន់​ទីសាធារណរដ្ឋប្រជាមានិត​ចិននាពេល​ខា​ង​មុ​ខ ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការចរចា​ស្នើសុំ​ខ្ចី​ឥណទាន​យ៉ាងគំហុក​មួយ​ដើម្បី​ត​ភ្ជាប់​បណ្ដា​ញ​​​ចែកចាយ​អគ្គិសនី​នៅ​កម្ពុជា​។​ក្នុងពីធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ដែល​មាន​តម្លៃ​ជិ​​ត ៨០០លានដុល្លារអាម៉េរិក ស្ថិតក្នុងស្រុកសេសាន ​ខេត្តស្ទឹងត្រែង ​នា​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០​១៨ សម្ដេចតេជោថ្លែងថា កម្ពុជាត្រូវរកទុនដើម្បីបន្ត សម្រាប់ការតភ្ជាប់បណ្ដាញផ្គត់ផ្គង់​អគ្គិ​ស​នី​​នៅ​បណ្តា​ខេ​ត្ត ហើយប្រភពទុនដែលយើងអាចរកបានគឺពីចិន។

សម្តេចតេជោបានប្រាប់ឯក​ឧត្ត​ម​អគ្គរដ្ឋទូតថ្មីរបស់ចិនផងថា ទស្សនកិច្ចរបស់សម្តេចនៅពេលខាងមុខ ការចរចាក៏នឹងផ្តោតទៅ​លើ​ការ​ស្នើសុំឥណទានយ៉ាងគំហុកមួយ ដើម្បីតបណ្តាញអគ្គិសនី សម្រាប់កម្ពុជា។ ម្យ៉ាង​ទៀត​​តា​ម​រយៈ​ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ឱ្យជម្រាបជូន​ព័ត៌មាន​នេះ​ទៅ ឯកឧត្តម​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពី​ង ​និង ឯកឧត្តមនាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង​ ថា​កម្ពុជា​ពិតជា​មាន​តម្រូវការ​ជា​កំហុស​លើ​ការ​ត​ភ្ជា​ប់​បណ្តាញ​ចែ កចាយ​អគ្គិសនី ក្រៅពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ផ្លូវថ្នល់ និង ប្រឡាយទឹក។

សម្តេចតេជោ​បន្ត​ថា​”យើង​ត្រូវការ​ទុន​ដ៏​ធំ​មួយ​ដើម្បី​ធ្វើការ​វិនិយោគ លើ​ការតភ្ជាប់​បណ្តាញ​ចែកចាយ​អគ្គិសនី​ជាតិ ហើយ​ប្រភព​ទុន​នោះ​គឺ​មានតែ​ប្រទេស​ចិន​មួយគត់​ដែល​អាច​ផ្តល់​ឱ្យយ​កម្ពុជា​ខ្ចី” ។ សម្តេច​តេ​​ជោ​​ ក៏បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ចិនឱ្យ ត្រៀម​រៀបចំ​កិច្ចព្រមព្រៀង​ឱ្យ​បាន​ច្រើន​បន្តិច​។​ជា​មួ​យ​​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ប្រទេស​ចិន​ដែល​បាន​ជំរុញ​អ្នកវិនិយោគ​ចិន​​ម​ក​វិនិយោគ​លើ​ការសាងសង់​វា​រី​អគ្គិសនី​នៅ​កម្ពុជា​ ដែល​មកដល់​ពីនេះ​មាន​វា​រី​អគ្គិសនី​ចំនួន ៧ ដែល​សុទ្ធតែ​ប្រើប្រាស់​ទុនវិនិយោគ​រប​ស់​ប្រទេស​ចិន។ សម្ដេចតេជោ នា​យ​ករដ្ឋមន្ត្រី ក៏បានប្រកាសជាថ្មីម្ដងទៀតអំពីការបញ្ចុះតម្លៃអគ្គិសនីថា នៅសល់​តែ​១៤​ថ្ងៃ​ទៀ​តទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅ​​តាមប្រភេទនៃការប្រើប្រាស់នីមួយៗដូចជាប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ ប​ច្ចុ​ប្ប​ន្ននេះគឺតម្លៃ 0,1240$​/Kwh ស្មនឹង៥០៣រៀល នឹងចុះនៅត្រឹម 0,1170$/Kwh ស្មើនឹង៤៧០រៀល នៅឆ្នាំ២០១៩ និង​ឆ្នាំ២០២០​។ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែល​បច្ចុ​ប្បន្ននេះតម្លៃ 0,1475$/Kwh ស្មើនឹង៥៩៨រៀល និងចុះទៅដល់ 0,1350$/Kwh ស្មើនឹង៥៤៧រៀល នៅឆ្នាំ២០១៩ និ​ង​នៅឆ្នាំ២០២០ គឺតម្លៃ 0,1330$/Kwh ស្មើនឹង៥៣៩រៀល។ ចំពោះអ្នកទិញតាមចរន្តតង់ស្យុងមធ្យម​តាមខេត្តដែ​ល​តម្លៃ​បច្ចុប្បន្នគឺ 0,1260$Kwh ស្មើនឹង៥១១រៀលដែលនឹងចុះដល់ 0,1220$/Kwh ស្មើនឹង៤៩៥រៀល នៅឆ្នាំ២០១៩ និង​​ឆ្នាំ២០២០ តម្លៃរក្សាដដែល។

ប្រភេទទី២​​ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែល​ទិញ​តាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650​$/​Kwh ស្មើនឹង៦៧៦រៀល នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh ស្មើនឹង៦៧២រៀល។ នៅតាមខេត្ត ដែលនឹង​បញ្ចុះ​​តម្លៃ ចុះ 0,1470$/Kwh ស្មើនឹង៥៩៥រៀលឆ្នាំ២០១៩ និង 0,1460$/Kwh ស្មើនឹង៥៩២រៀលឆ្នាំ២០២០។ ប្រភេ​​ទ​ទី៣ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុង​ម​ធ្យ​ម​នៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh ស្មើនឹង៦៧៦រៀល នៅទីក្រុងភ្នំពេញ 0,1640$​​/Kwh​ ស្មើនឹង៦៧២រៀលនៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម០0,1590$/Kwh ស្មើនឹង៦៤៥រៀល នៅឆ្នាំ២០១៩ និង​បន្តចុះនៅត្រឹម0,1580$/Kwh ស្មើនឹង៦៤០រៀល នៅឆ្នាំ២០២០។ ប្រភេទ៤​ ប្រភេទប្រើប្រាស់តាម​លំ​នៅ​​ស្ថាន ១ដល់១០Kwhក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ៦១០រៀល/Kwh និងតាម​ខេ​ត្ត​​៤៨០រៀល/Kwh ដែលនឹងចុះនៅត្រឹម៣៨០រៀល/Kwh នៅឆ្នាំ២០១៩ និង ២០២០។សម្រាប់ការប្រើប្រាស់​ចាប់​ពី​ ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០រៀល/Kwh នឹងចុះនៅត្រឹម៤៨០រៀល/Kwh នៅ​ឆ្នាំ​​២០១៩ និង២០២០ ។

ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwhក្នុង១ខែ ដែលពេលនេះ នៅ​ភ្នំពេញគឺ ៧៧០រៀល/Kwh តាមបណ្ដាខេត្ត៧២០រៀល/Kwh នឹងចុះនៅត្រឹម៦១០រៀល/Kwh នៅឆ្នាំ​២០​១៩​​ ២០២០​​ /លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ​ ៧៧​០​រៀល/Kwh នៅក្រុងភ្នំពេញ និង ៧៥០រៀល/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០រៀល/Kwh នៅ​ឆ្នាំ២០១៩ និង៧៣០រៀល/Kwh នៅឆ្នាំ២០២០។ ប្រភេទទី៥ ការបូមទឹកក្នុងវិស័យកសិកម្ម ចា​ប់​​ពី​ម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក ត្រូវបង់៤៨០រៀល/Kwh នៅបន្ត ៤៨០រៀលKwh ដដែល។

ប្រភេទ​ទី​៦​ ការប្រើប្រាស់នៅតាម សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើ​ប្រាស់​បច្ចុ​ប្ប​ន្ន​គឺ​ ៧៧០រៀល/Kwh នឹងចុះនៅត្រឹម ៦១០៛រៀល/Kwh នៅឆ្នាំ២០១៩ ២០២០។ សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏បានបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ និង២០២០នេះ គឺជាការជួយ​លើ​​កកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញការអភិវឌ្ឍន៍ដល់វិស័យឧស្សាហកម្ម​រប​​ស់​កម្ពុជា។ ជាងនេះទៀតសម្ដេចតេជោ ក៏បានស្នើឱ្យក្រសួងរ៉ែនិងថាមពល បន្តការសិក្សា​សម្រា​ប់ការបញ្ចុះតម្លៃអគ្គសនី នៅឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ បន្ថែមទៀតផងដែរ៕

ដោយ ​ជឹម ណារី